ព័ត៌មានជាតិ

ប៉ូលិសដែលបានយកអាយឌីវាយស្រ្តីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីពេលកើតហេតុរួច

ភ្នំពេញ ៖ មន្ត្រីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោក ម៉ាត់ ពិសី មន្ត្រីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាដែលបានយកអាយឌីវាយស្រ្តីម្នាក់បង្កការរងរបួសបែកក្បាល ហើយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លា ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកើតហេតុ​រួច។​

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ថា ដោយអនុវត្តតាមបទបញ្ជារបស់ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​គឺ ៖

១.​ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកើតហេតុ​រួច​ ។

២.​ បើស្រាវជ្រាវ ហើយឃើញថា មានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់​ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង​ផងដែរ​។

៣.​ ចំពោះអ្នកបើកបរល្មើសច្បាប់​ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​ ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៨៖២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយរវាងមន្ត្រនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។

មន្ត្រីនគរបាល បានឱ្យដឹងថា ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ។ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *